ការបន្តការសិក្សាបែបឯករាជ្យគឺជាកត្តាចាំបាច់ក្នុងពេលបច្ចុប្បន្ន និងទៅអនាគតដែលមិនអាចទាយទុកជាមុនបាន។ ដូច្នេះ សាលាបានបញ្ជូល និងបញ្ជ្រាបនូវ “ការសិក្សារបែបរិះរក” ដើម្បីបណ្ដុះបាននូវឥរិយាបថ ព្រមទាំងសកម្មភាពដូចដែលបានរៀបរាប់ខាងលើ។ ការសិក្សាបែបរិះរកនេះមិនមាន ”ចម្លើយត្រឹមត្រូវ” នោះទេ។ សិស្សានុសិស្សបានចោទជាសំណួរតាមរយៈចំណាប់អារម្មណ៍ ការចង់ដឹង ឬចង់ឃើញ ដោយចោទសួរខ្លួនឯងផ្ទាល់ថា “ហេតុអី្វ?” “ខ្ញុំចង់ដឹងបន្ថែម” ហើយពេលនោះពួកគេនឹងសហការរួមជាមួយមិត្តភក្តិរបស់ពួកគេ ក្នុងការរៀបចំ និងរចនាការសិក្សាដោយខ្លួនឯងផ្ទាល់ ដោយប្រមូលព័ត៌មាន សង្ខេបព័ត៌មានទាំងនោះ និងអាចផ្សព្វផ្សាយព័ត៌មានទាំងនោះបាន។ និយាយរួម នៅសាលា CLA សិស្សានុសិស្សគឺជាប្រធានដែលកំណត់ការសិក្សា។ គ្រូមិនមែនជាអ្នកផ្តល់ចំណេះដឹងដូចពេលមុននោះទេ ដោយបច្ចុប្បន្ននេះ គ្រូគ្រាន់តែជាអ្នកដែលជួយសម្របសម្រួលការសិក្សារបស់សិស្សានុសិស្ស ដើម្បីជម្រុញការសិក្សានោះឲ្យកាន់តែមានភាពប្រសើរឡើងតែប៉ុណ្ណោះ។
ការគិតបែបឡូជីខល (តក្កវិជ្ជា) ដែលទាមទារនៅក្នុងគណិតវិទ្យា និងសមត្ថភាពក្នុងការផ្ទៀងផ្ទាត់សំណួរ ឬចម្ងល់តាមរយៈការពិសោធក្នុងវិទ្យាសាស្ត្រ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសិក្សា។ សាលា CLA បានបញ្ចូលការសិក្សាគណិតវិទ្យា និងការសិក្សាបែបវិទ្យាសាស្ត្រតាមរបៀបជប៉ុនដែលមានស្តង់ដារខ្ពស់ទូទាំងពិភពលោក។
បន្ទប់ពិសោធន៍វិទ្យាសាស្ត្រដែលស្ទើរតែមិនមាននៅក្នុងសាលារៀនមួយចំនួននៅប្រទេសកម្ពុជា ត្រូវបានរៀបចំរួចរាល់ជាស្ថាពរនៅក្នុងសាលាយើងខ្ញុំ ដោយទទួលបាននូវការឧបត្ថម្ភគាំទ្រពីការប្រមូលមូលនិធិ Crowdfunding និងអ្នកឧបត្ថម្ភគាំទ្រនានា។ កុមារកំពុងស្លុងអារម្មណ៍ក្នុងការចូលរួមសង្កេត និងកត់ត្រាតាមរយៈការមើលមីក្រូទស្សន៍ ដែលសកម្មភាពទាំងនេះជាទម្រង់ដើមនៃការសិក្សា ដែលយើងខ្ញុំចង់បាន។
លើសពីនេះទៅទៀត តាមរយៈការប្រើប្រាស់សម្ភារៈបង្រៀន និងសិក្សា AI ដែលមានឈ្មោះថា ”សឹរ៉ារ៉ា“ យើងខ្ញុំអាចសម្រេចបាននូវការបង្កើនប្រសិទ្ធភាពការសិក្សាជាលក្ខណៈបុគ្គល។ សាលាក៏អាច ”ផ្តល់ខ្លឹមសារសិក្សាដែលស័ក្ដិសមនឹងការយល់ដឹងរបស់សិស្សម្នាក់ៗ” ដែលពេលមុនមិនត្រូវបានធ្វើឡើង ដោយសារត្រូវបង្រៀនក្នុងពេលតែមួយ ឬដោយគ្រូផ្ទាល់។ កម្មវិធីសឹរ៉ារ៉ាមានធាតុផ្សំនៃល្បែងសិក្សាដែលជួយជម្រុញលើកទឹកចិត្តកុមារ ហើយយើងខ្ញុំក៏តែងតែសង្កេតឃើញកុមារសិក្សាដោយប្រើប្រាស់កម្មវិធីនេះនៅខាងក្រៅថ្នាក់ផងដែរ។
នៅពេលដែលសិស្សានុសិស្សចូលរួមក្នុងសហគមន៍ដែលប្រើប្រាស់ភាសាជប៉ុនជាឧបករណ៍ ឬភាសាសម្រាប់ប្រាស្រ័យទាក់ទង ពេលនោះសិស្សានុសិស្សច្បាស់ជាយល់ដឹងពី ”គុណតម្លៃ” នៃភាសាជប៉ុន (តម្រូវការភាសាជប៉ុននាពេលអនាគត)។ ដូច្នេះ សាលាក៏បានកំពុងតែផ្ដល់ការសិក្សាភាសាជប៉ុនដល់សិស្សានុសិស្សតាមកម្រិតនៃដំណាក់កាលអភិវឌ្ឍន៍របស់សិស្សានុសិស្ស ដើម្បីឲ្យសិស្សានុសិស្សមានជំនាញភាសាជប៉ុន ដែលអាចទុកជាទុនភាសាក្នុងការទៅបន្តការសិក្សានៅប្រទេសជប៉ុនបាន។ ចាប់ពីកម្រិត៣ទៅ (ថ្នាក់បឋមសិក្សាកម្រិតខ្ពស់) យើងខ្ញុំនឹងមានថ្នាក់បង្រៀនវេយ្យាករណ៍។
សាលាក៏បានកំពុងនឹងប្រឹងប្រែងធ្វើការលើកកម្ពស់អក្ខរកម្មភាសាខ្មែរផងដែរ សំអាងដោយហេតុផលថា នៅពេលដែលយើងម្នាក់ៗគិតពិចារណា យើងម្នាក់ៗតែងតែយកភាសាកំណើតមកគិតពិចារណា ដូច្នេះភាសាកំណើតនេះហើយនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏ចំបាច់សម្រាប់ការគិតពិចារណា។ លើសពីនេះទៅទៀត គោលបំណងសំខាន់មួយទៀតនៃការអប់រំភាសាខ្មែរ គឺដើម្បីជួយលើកកម្ពស់អត្តសញ្ញាណជាជនជាតិខ្មែរ និងបង្កើតបានជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មួយ សម្រាប់ការយល់ដឹង និងគោរពវប្បធម៌អរិយធម៌នៃប្រទេសជាតិរបស់ខ្លួន។