សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាណាព្យាបាលសិស្សដែលតែងតែគាំទ្រ និងសហការជាមួយសាលារហូតមកដល់ពេលនេះ។
នៅសល់ប្រហែលជា 3សប្តាហ៍ទៀត ការសិក្សារយៈពេលមួយឆ្នាំនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះហើយ។ យើងសង្ឃឹមថាសិស្សបឋមសិក្សាអាចឃើញលទ្ធផលនៃការសិក្សារបស់ពួកគេនៅក្នុងកម្មវិធី "បទបង្ហាញអំពីការសិក្សា" ដែលបានធ្វើឡើងនៅក្នុងខែសីហា។ សិស្សបឋមសិក្សាក៏បានបញ្ចប់ការប្រឡងចុងក្រោយឆមាសទីពីររបស់ខ្លួនផងដែរ។ លោកគ្រូអ្នកគ្រូនឹងបន្តប្រឹងប្រែងបន្តទៀតនៅកំឡុងពេលដែលនៅសល់ចុងឆ្នាំសិក្សា ទាំងក្នុងការសិក្សា និងសកម្មភាពប្រចាំប្រចាំថ្ងៃរបស់សិស្សានុសិស្ស។
សិស្សមត្តេយ្យកំពុងរៀបចំពិធីបញ្ចប់ការសិក្សា និងធ្វើបទបង្ហាញដើម្បីបង្ហាញពីលទ្ធផលនៃការសិក្សារបស់ពួកគេ។ យើងខ្ញុំនឹងអញ្ជើញមាតាបិតា និងអាណាព្យាបាលឱ្យចូលរួមលើកទឹកចិត្ត និងចែករំលែកនៅក្នុងវឌ្ឍនភាពរបស់កូនៗ។
នៅសល់ពេលបន្តិចទៀតប៉ុណ្ណោះ ប៉ុន្តែលោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់នឹងធ្វើការរួមគ្នាដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះបញ្ចប់ដោយរលូន។ យើងខ្ញុំស្នើសុំអាណាព្យាបាលក្នុងការចូលរួមកិច្ចសហការជាមួយសាលាបន្តទៀត។
ស្ថានភាពកុមារកម្រិត១
【កម្មវិធីថ្លែងអំណរគុណ៖ពិធីបុណ្យរដូវក្រៅនៃថ្នាក់មត្តេយ្យ (ថ្នាក់សាគូរ៉ា)】
នៅថ្ងៃទី 22 ខែសីហាកន្លងទៅនេះ កុមារផ្នែកមតេ្តយ្យសិក្សាកម្រិតខ្ពស់ (ថ្នាក់ផ្កាសាគូរ៉ា) បានធ្វើកម្មវិធីថ្លែងអំណរគុណ (ពិធីបុណ្យរដូវក្តៅ) ដោយបានរៀបចំដោយចិត្តទុកដាក់។
នៅក្នុងកម្មវិធីនេះ កុមារបានបើក "ហាងលក់" ជាមួយនឹងស្នាដៃដែលធ្វើដោយខ្លួនឯង មានដូចជា ហាំប៊ឺហ្គឺ ស៊ូស៊ី និងបាច់ផ្កាជាដើម។
ស្នាដៃទាំងនោះត្រូវបានធ្វើឡើងបានយ៉ាងល្អ ហាក់បីដូចជារបស់ពិតៗ។ អ្នកចូលរួមធ្វើជាភ្ញៀវ មានកុមារមត្តេយ្យសិក្សាថ្នាក់តូចៗ សិស្សថ្នាក់បឋមសិក្សា លោកគ្រូអ្នកគ្រូ បុគ្គលិកចុងភៅ បុគ្គលិកសម្អាត និងតៃកុងរថយន្តសាលា ក៏ត្រូវបានអញ្ជើញមកចូលរួមកម្មវិធីនេះផងដែរ។ លើសពីនេះ នៅមុខទីតាំងកម្មវិធីក៏មានរៀបចំកន្លែងថតរូប និងល្បែងបោះកង ដែលបានបង្កើតបរិយាកាសដ៏រីករាយ និងពោរពេញទៅដោយស្នាមញញឹម។
【កម្មវិធីជំនួបអាណាព្យាបាលថ្នាក់ផ្កាសាគូរ៉ាមុនឡើងថ្នាក់ទី១ តាមអនឡាញ】
ចំពោះសិស្សថ្នាក់ផ្កាសាគូរ៉ាក៏នឹងត្រូវត្រៀមខ្លួន ក្នុងការបញ្ចប់កម្រិតមត្តេយ្យសិក្សា ហើយរៀបចំដើម្បីឈានទៅមួយកម្រិតទៀត គឺថ្នាក់បឋមសិក្សា។ វាអាចជារឿងមួយពិបាកបន្តិច សម្រាប់ពួកគេក៏ថាបាន ព្រោះជាកម្រិតដែលត្រូវសិក្សានូវមុខវិជ្ជាជាច្រើនផងដែរ។ដូច្នេះ តម្រូវឱ្យពួកគេខិតខំប្រឹងប្រែងតស៊ូក្នុងការសិក្សាកុំមានការបោះបង់ឡើយ។
ម្យ៉ាងទៀត សូមមាតាបិតា និងអាណាព្យាបាលគ្រប់រូប បន្តជួយចូលរួមសហការជាមួយសាលាទៅវិញទៅមក ជួយជំរុញលើកទឹកចិត្តកូនៗ ដើម្បីឱ្យកូនៗទទួលបានចំណេះដឹងកាន់តែប្រសើរ ភ្លឺស្វាងទៅថ្ងៃអនាគត។
ស្ថានភាពកុមារកម្រិត២、កម្រិត៣
【បទបង្ហាញការសិក្សាផ្នែកសាលាបឋមសិក្សា】
សូមថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលដែលបានអញ្ជើញចូលរួមទស្សនាកម្មវិធីបទបង្ហាញអំពីការសិក្សារបស់សិស្សថ្នាក់ បឋមសិក្សាចាប់ពីថ្នាក់ទី1 ដល់ថ្នាក់ទី5។
នៅថ្ងៃសុក្រ ទី8 ខែសីហាកន្លងទៅនេះ បទបង្ហាញការសិក្សាត្រូវបានធ្វើឡើងសម្រាប់សិស្សានុសិស្សថ្នាក់បឋមសិក្សា។ សិស្សបានសិក្សាជាច្រើនក្នុងរយៈពេលមួយឆ្នាំនេះ ហើយថ្ងៃកម្មវិធីនោះគឺថ្ងៃសម្រាប់សិស្សបង្ហាញនូវអ្វីដែលបានសិក្សា ការលូតលាស់ និងព្យាយាមចំពោះអាណាព្យាបាល។ សិស្សបានជ្រើសរើសអ្វីដែលចង់បង្ហាញ មានដូចជាការច្រៀង ការរាំ ធ្វើបទបង្ហាញ និងសម្តែងរឿងជាដើមទៅតាមកម្រិតថ្នាក់។
ចំពោះលើកនេះ ទោះបីជាសិស្សថ្នាក់ទី6 មិនបានចូលរួមធ្វើបទបង្ហាញដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែពួកគេបានចូលរួមទស្សនា និងកត់ត្រាពីចំណាប់អារម្មណ៌របស់ពួកគេ លើការធ្វើបទបង្ហាញរបស់សិស្សប្អូនជំនាន់ក្រោយ។ សាលាសង្ឃឹមថាអាណាព្យាបាលដែលបានទស្សនាកម្មវិធីនេះ អាចឃើញពីការខិតខំប្រឹងប្រែង និងការលូតលាស់របស់កុមារ។
【ការប្រឡងឆមាសលើកទី2 សម្រាប់សិស្សកម្រិតបឋមសិក្សា】
ការប្រឡងឆមាសលើកទី2 រយៈពេលបីថ្ងៃ ត្រូវបានធ្វើឡើងសម្រាប់សិស្សកម្រិតបឋមសិក្សានៅសាលា CLA ដែលបានចាប់ផ្ដើមពីថ្ងៃទី19 ដល់ថ្ងៃទី21 ខែសីហាកន្លងទៅនេះ។ សាលា CLA ក៏អនុវត្តទៅតាមស្តង់ដារដូចសាលារៀនទូទៅនៅប្រទេសកម្ពុជាផងដែរ ដោយមានការប្រឡង2ដងក្នុងមួយឆ្នាំ គឺឆមាសទី១ និងឆមាសទី២សម្រាប់គ្រប់កម្រិតថ្នាក់បឋម ។
តាមរយៈការប្រឡងទាំងនេះ សិស្សានុសិស្សបានដឹងពីសារៈសំខាន់នៃ "ការសិក្សាប្រចាំថ្ងៃ" និង "ការជឿជាក់លើសមត្ថភាពខ្លួនឯង" ម្តងទៀត។ ហើយពួកគេពិតជាខិតខំក្នុងការសរសេរចម្លើយពេលប្រឡង។
យើងសង្ឃឹមថាសិស្សានុសិស្សគ្រប់រូបនឹងអាចទទួលបានលទ្ធផលល្អតាមបំណងប្រាថ្នារបស់ពួកគេ។